គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុង​តាខ្មៅ ជំរុញ​បញ្ចប់នៅចុងឆ្នាំ ២០២៧

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពជារួមបាន​ប្រមាណ ១៥,៥០%។ នេះបើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥ គ.ម បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣ គ.ម ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន ០៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះ​ចំនួន ១០ ០០០ តំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ ១២ ០០០ ម៣/ថ្ងៃ ស្ថាបនាលើផ្ទៃដីទំហំ ២០ ហិកតា មានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ថែមលើទំហំការងារ គម្រោងបានទទួលគោលការណ៍សម្រាប់ការសិក្សាបច្ចេកទេសគំនូសប្លង់លម្អិតលើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការតម្លើងបណ្តាញបង្ហូរទឹកភ្លៀង។ គម្រោងនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់ ៣៦​ ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៧៕

ក្រសួងសាធារណការ ចេញ​​​បណ្ណ​សម្គាល់​​​យានជំនិះប្រភេទថ្មី​​​បំពាក់បច្ចេកវិទ្យា​ទំនើប​ ទប់ស្កាត់ការក្លែងបន្លំ

ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាស​ដាក់ឱ្យប្រើប្រាស់​បណ្ណ​សម្គាល់​យាន​ជំនិះប្រភេទថ្មីដែល​ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិត។ បើតាម​សេចក្តីជូនដំណឹង​របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃ​ក្រសួងសាធារណការនិងដឹកជញ្ជូន បណ្ណ​សម្គាល់​យានជំនិះប្រភេទថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើ​ប្រាស់ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕

យោធាថៃ​ចាប់​ខ្លួន​យុវជន​ខ្មែរ​ម្នាក់ ​ចូល​ទៅ​យកឯកសារ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ​ដែល​ថៃ​ឈ្លានពាន​​​នៅ​តំបន់​បឹង​ត្រកួន​

ប៉ោយ​ប៉ែត​៖​យោធាថៃ​បាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​​ម្នាក់ ​ដែល​ចូល​ទៅ​ក្នុង​លំនៅដ្ឋាន​របស់​ខ្លួន​ក្នុង​ដែន​ដែល​ថៃ​បាន​ឈ្លានពាន​​ដាក់​កុងទីន័រ​ និង​រាយ​បន្លាលួស​ហ៊ុំព័ទ្ធយក​​នៅ​តំបន់​បឹង​ត្រកួន​ស្ថិត​នៅ​ក្នុង​ឃុំគោករមៀត​ស្រុក​ថ្ម​ពួក​ខេត្តបន្ទាយមានជ័យ​ ក្រោយ​បទ​ឈប់​បាញ់​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ២០២៥។ ​យុវជន​ដែល​យោធា​ថៃ​បាន​ឃាត់​ខ្លួន​មាន​ឈ្មោះ​ ផល ប៉ោង ​ហៅ​មាស​ ដាលីន ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​រស់​នៅ​ភូមិ​បន្ទាយ​មាន​រិទ្ធ ​ឃុំ​គោក​រមៀត ​ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​មាន​ឪពុក​ឈ្មោះ​មាស ឡេង​ ត្រូវ​បាន​យោធា​ថៃ​ចាប់​បញ្ជូន​ទៅ​កាន់​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​កាល​ពី​ម៉ោង ​៨៖​០០​នាទី​ថ្ងៃ​ ទី​១៣​​ ខែ​មករា ​ឆ្នាំ​២០២៦ ​នៅ​ចំណុច​ខាង​ត្បូង​ផ្សារ​បឹង​ត្រកួន ​ភូមិ​ផ្លូវ​បំបែក ឃុំ​គោក​រមៀត។​តា​មបុរស​ ឈ្មោះ​ មាស ឡេង​ ត្រូវ​ជា​ឪពុក​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ដឹក​កូន​តាម​ម៉ូតូ​ទៅ​ឈប់​ត្រង់​រង្វង់​មូល​ផ្លូវ​ចូល​ច្រក​តំបន់​បឹង​ត្រកួន​ ឱ្យ​កូន​ចុះ​ដើរ​ចូល​ទៅ​ផ្ទះ​យក​ឯកសារ​ដោយ​រូប​គាត់​មិន​ហាន​ចូល​ដោយ​ចាំ​យូរ​ពេក​ទើប​ដឹង​ថា​ កូន​ត្រូវ​យោធា​ថៃ​ចាប់​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​អំពាវនាវ​ដល់​កម្មករ-​និយោជិត​ទាំង​អស់ ​​ទាក់​ទង​លេខ ១២៨៦ ក្នុង​ករណី​មាន​បញ្ហា​ដើម្បី​ឱ្យ​ក្រសួងអន្តរាគមន៍​បាន​លឿន​រហ័ស​ជូន​បង​ប្អូន​

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​បងប្អូនកម្មករ-និយោ​ជិត​ទាំង​អស់ ​ឱ្យ​បាន​លឿន​រហ័ស​ និង​មាន​ប្រសិទ្ធភាព​នោះ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ទាក់​ទង​មក​លេខ ​១២៨៦ ​ដែល​ជា​លេខ ​Hotline​ របស់​ក្រសួង​។ ​ លោក ​ស៊ុន មេសា ​អ្នក​នាំ​ពាក្យ​ក្រសួងការងារ ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា​ នេះ​ថា​ «នៅ​ពេល​បងប្អូន​កម្មករ-និយោជិត ​មាន​បញ្ហា​ទាក់​ទង​នឹង​លក្ខខណ្ឌ​ការងារ​ច្បាប់​ការងារ ​ការ​រំលោភ​សិទ្ធិ ឬ​ការជេរ​ប្រមាថ​ណា​មួយនោះ ​សូម​បង​ប្អូន​ទាក់​ទង​មក​ក្រសួង​ការងារ ​តាម​រយៈ​លេខ ​Hotline ១២៨៦ ​ដែល​ធ្វើ​ការ ​២៤ម៉ោ​ង​ក្នុ​ង​មួយ​ថ្ងៃ និ​ង​៧ថ្ងៃ​ក្នុង​មួយសប្ដាហ៍»​។ ​

អង្គការ​មូល​និធិ​ប្រាសាទ​ពិភព​លោក​បន្ត​គម្រោង​ជួស​ជុល​ប្រាសាទ​ភ្នំបាខែង​

អង្គការ​មូលនិធិប្រាសាទ​ពិភពលោក ​ឬ ​Wold Monuments Fund ​ហៅ​កាត់​ថា ​WMF​ កំពុង​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​ជួសជុល​ជ្រុង​ខាង​លិច​ប្រាសាទ​ភ្នំបាខែង​ ដោយ​រំពឹង​ថា​នឹងប​ញ្ចប់​គម្រោង​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០២៩​។​ លោក ​ជីវ ភិរម្យ ​ប្រធាន​បច្ចេកទេ​ស​គម្រោង​ជួស​ជុល​ប្រាសាទ​ភ្នំបាខែង ​នៃ​អង្គការ WMF បាន​ឱ្យ​ដឹង​ថា ​គម្រោង​ជួស​ជុល​ជ្រុង​ខាង​​លិច ​បាន​ចាប់​ផ្តើម​ដំណើរ​​កា​រ​ពី​ឆ្នាំ​២០២៦​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ​២០២៩។ ​លោក​បាន​ពន្យល់​ថា​ ក្រុម​ការងារ​បាន​ជួស​ជុល​ផ្នែក​កម្រាល​នៅតាម​ជាន់ទាំង​បួន ​ដែល​តាង​ដោយ​អក្សរ​ F (ជាន់ក្រោម) ​និង​រហូត​ដល់​អក្សរ​ C ​ដែល​ជា​ជាន់​ទី​បួន​។​ នេះ​ជា​ដំណាក់​កាល​ទី៣ ​នៃ​គម្រោង​ជួស​ជុល​ប្រាសាទ​ភ្នំបាខែង ​ខណៈ​ដែល​អង្គការ ​WMF​ បាន​ចូល​ខ្លួន​ចូល​រួម​អភិរក្ស​ប្រាសាទ​នេះ​តាំង​ពី​ឆ្នាំ​២០០៤​មក​។ ​ចាប់​ពី​ឆ្នាំ២០០៤ ​ដល់​ឆ្នាំ ​២០០៧ ​WMF​ បាន​ចូល​មក​សិក្សា​ស្រាវ​ជ្រាវ ​និង​ធ្វើ​គម្រោង​ជួស​ជុល​សាកល្បង ​នៅ​ជាន់​F ​ជ្រុង​ខាង​ត្បូង​ឈៀង​ខាង​លិច​។​ ដំណាក់​កាល​ទី២ ​ពី​ឆ្នាំ២០០៨ ​និង​បញ្ចប់​នៅ​ឆ្នាំ​២០១៩​ ដោយ​បាន​ជួស​ជុល​ចាប់​ពី​ពាក់​កណ្តាល​ជណ្តើរ​ខាង​ជើង ​និង​ខាង​ត្បូង​ទៅ​ជ្រុង​ខាង​កើត ​ហើយ​ក្នុង​គម្រោង​នោះ ​ក៏​បាន​ធ្វើ​កំណាយ​ រួម​នឹង​ការ​អភិរក្ស​មួយ​ចំនួន​ផង​។ ​រីឯ​ដំណាក់​កាល​ទី​៣ ​ចាប់​ពី​ខែ ​សីហា ​ឆ្នាំ២០១៩ ​រហូត​ដល់​ឆ្នាំ២០២៩។​