គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពជារួមបាន​ប្រមាណ ១៥,៥០%។ នេះបើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥ គ.ម បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣ គ.ម ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន ០៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះ​ចំនួន ១០ ០០០ តំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ ១២ ០០០ ម៣/ថ្ងៃ ស្ថាបនាលើផ្ទៃដីទំហំ ២០ ហិកតា មានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ថែមលើទំហំការងារ គម្រោងបានទទួលគោលការណ៍សម្រាប់ការសិក្សាបច្ចេកទេសគំនូសប្លង់លម្អិតលើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការតម្លើងបណ្តាញបង្ហូរទឹកភ្លៀង។

គម្រោងនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់ ៣៦​ ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៧៕

Leave a Reply

Your email address will not be published. Required fields are marked *