ប៉ោយប៉ែត៖យោធាថៃបានឃាត់ខ្លួនយុវជនខ្មែរម្នាក់ ដែលចូលទៅក្នុងលំនៅដ្ឋានរបស់ខ្លួនក្នុងដែនដែលថៃបានឈ្លានពានដាក់កុងទីន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធយកនៅតំបន់បឹងត្រកួនស្ថិតនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជាថៃក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥។
យុវជនដែលយោធាថៃបានឃាត់ខ្លួនមានឈ្មោះ ផល ប៉ោង ហៅមាស ដាលីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមានឪពុកឈ្មោះមាស ឡេង ត្រូវបានយោធាថៃចាប់បញ្ជូនទៅកាន់ខេត្តស្រះកែវប្រទេសថៃកាលពីម៉ោង ៨៖០០នាទីថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចខាងត្បូងផ្សារបឹងត្រកួន ភូមិផ្លូវបំបែក ឃុំគោករមៀត។តាមបុរស ឈ្មោះ មាស ឡេង ត្រូវជាឪពុកបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកកូនតាមម៉ូតូទៅឈប់ត្រង់រង្វង់មូលផ្លូវចូលច្រកតំបន់បឹងត្រកួន ឱ្យកូនចុះដើរចូលទៅផ្ទះយកឯកសារដោយរូបគាត់មិនហានចូលដោយចាំយូរពេកទើបដឹងថា កូនត្រូវយោធាថៃចាប់។

